Saturday, October 19, 2013

បណ្តឹងរដ្ឋប្បវេណីជាអ្វី?

បណ្តឹងរដ្ឋប្បវេណីជាអ្វី?
បណ្តឹងរដ្ធប្បវេណីមានគោលបំនងអោយតុលាការដោះស្រាយវេវាទផ្នែករដ្ធប្បវេណីដោយផ្អែកលើច្បាប់ដើម្បីការពារបុគ្គលឯកជន។   ជនគ្រប់រូបត្រូវបានធានានូវសិទ្ធិពឹងពាក់តុលាការ។  រឿងរដ្ធប្បវេណី គឺជារឿងដែលទាមទារ សិទ្ធិកម្មសិទ្ធិ សំនងការអន្តរាយ និងជំងឺចិត្ត។ ជំងឺចិត្ត គឺជាការប៉ះពាល់សិទ្ធិបូរណភាពបុគ្គល ដូចជាធ្វើអោយឈឺចាប់ដល់រូបកាយ និង ផ្លូវចិត្ត។​  រឿងរដ្ធប្បវេណីគឺជារឿងរវាងបុគ្គល និងបុគ្គល។  ការទាមទារមានច្រើនសណ្ឋាន ដូចជា:
ការទាមទារសិទ្ធិ: ការទាមទារសិទ្ធិចិញ្ជឹមកូន គ្រប់គ្រងកូន សុំទទួលស្គាល់កូន -ល-។
ការទាមទារកម្មសិទ្ធិ: ការទាមទារសិទ្ធីលើអចលនវត្ថុ ដូចជា សិទ្ធិគ្រប់គ្រង សិទ្ធិចាត់ចែង សិទ្ធិអាស្រ័យផល លើអចលនវត្ថុ ឬ ចលនវត្ថុ។ អចលនវត្ថុ គឺជាវត្ថុដែលមានស្ថានភាពជាប់នឹងកន្លែងអ្វីមួយមិនកំរើក តាំងពីកំនើតក្តី ពីភព្វវាសនានៃវត្ថុនោះក្តី។​ ឧទាហរណ៍:  ផ្ទះ ដីស្រែ ដីចំការ…។ តែវត្ថុដែលអាចដឹកនាំបានដូចជា ទូក មានចំនុះ ៣០តោន ឡើងទៅ ផ្ទះផែដែលមានចំនុះដូចគ្នាក៏ចាត់ទុកជាអចលនវត្ថុដែរ។ ចំនែកវត្ថុទាំងពួងដែលជាបរិវារនៃអចលនវត្ថុ ឬជារបស់ ដែលកើតពីអចលនវត្ថុក៏ទុកជា អចលនវត្ថុដែរ ដូចជា ផលានុផលគ្រប់យ៉ាង ដែលមិនទាន់ច្រូត កាត់ចាកដើម​ ឬ មិនទាន់ដាច់ចេញពីដី​ ឬ ជារបស់ចាំបាច់ក្នុងអាជីវកម្ម ដូចជាសត្វជញ្ជឹមសម្រាប់លក់ សម្រាប់អូសរទេះ សម្រាប់ប្រនាំង និង​ ប្រដាប់ប្រដាទាំងឡាយ ដូចជា​ ជី​​ ពូជ​ កូនឈើ។​​ ជូនកាលវាជារបស់ដែលផ្សំចូលគ្នានឹងអចលនវត្ថុ ហើយបើគេបំបែកវាចេញ ពីអចលនវត្ថុនោះ​ វានឹងខូចរបៀប ខូចប្រយោជន៍ ខូចលំអ ដូចជា បដិមា ពិតាន ជាដើម។
ការទាមទារសំនងអន្តរាយ:  គឺជាការជួសជុលការខូចខាតដែលបណ្តាលមកពីបទល្មើស ដែលជនម្នាក់ បំពានលើជនម្នាក់ទៀត។ ជនដែលត្រូវគេបំពានលើរហូតមានរបួស ទាមទារថ្លៃព្យាបាល និងជំងឺចិត្ត។ ​ ការទាមទារការព្យាបាល និងជំងឺចិត្តបែបនេះ ហៅថាបណ្តឹងរដ្ធប្បវេណី។​ ​ ឯការប្តឹងសុំផ្តន្ទាទោសដាក់ពន្ធនាគារជនល្មើស ហៅថាបណ្តឹងព្រហ្មទាណ្ឌ។

No comments:

Post a Comment